ព្រៃវែង៖ ជារឿងនឹកស្មានមិនដល់ ស្ត្រីជាមន្ត្រីនគរបាលស្រី នៃប៉ុស្ដិ៍រដ្ឋបាលលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ រួមជាមួយប្អូនប្រុសបង្កើតម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារក្រឡាប់រថយន្ដធ្លាក់ចូលប្រឡាយទឹក ពេលកំពុងចុះបំពេញការងារ តាមការិយាល័យបោះឆ្នោត ។

ទន្ទឹមនឹងផងដែរ មហាជនសូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារ ជាពិសេសអង្គភាពរាជការបាត់បង់នូវសមាជិកក្រុមការងារ អំឡុងពេលបំពេញភារកិច្ច។ គ្រោះថ្នាក់មើលឃើញ ជីវិតមនុស្ស ខ្លីវែងមិនដឹងថ្ងៃណាឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង០២និង៤១នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសំបូរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ប្រភពពត៌មានពីលោកអធិការនគរបាលស្រុកកំចាយមារ បានប្រាប់ឲ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្ត្រីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ អ្នកទាំងពីរនាក់ ជាបងប្អូននឹងគ្នាបង្កើត ។
លោកក៏បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាស្ត្រីដែលគេស្គាល់ថា ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្របៅ កំពុងតែចុះទៅបំពេញបេសកកម្ម យាមការិយាល័យបោះឆ្នោតលេខ ០១៦១ ដោយរួមដំណើរជាមួយយុវជនម្នាក់ ត្រូវជាប្អូនប្រុស ជាអ្នកបើកបររថយន្តម៉ាកកាមីរី (ឆ្លាម) ពណ៌.ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2L-8277 បានជួបឧបទ្ទវហេតុដោយបើករថយន្តធ្លាក់ចូលប្រឡាយទឹក ។
លោកអធិការស្រុក បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្តាលអោយរថយន្តជនរងគ្រោះទាំង២ ក្រឡាប់ធ្លាក់ចូលប្រឡាយនោះ គឺពុំមានអ្នកណាដឹងនោះទេ ព្រោះគ្មានសាក្សី បានឃើញហេតុការណ៍ផ្ទាល់ ប៉ុន្តែក្រោយពេលកើតហេតុភ្លាម មានប្រជាពលរដ្ឋបានទៅឃើញ និងហៅអ្នកស្រុកនៅជិតនោះ ជួយចុះគាស់ទ្វាឡាន ស្រង់យកជនរងគ្រោះទាំង២ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះទាំង២ ក៏បានស្លាប់បាត់បង់ជីវិតបាត់ហើយ គួរអោយសោកស្តាយ ។
ទោះជាយ៉ាងណាក៏លោកអធិការ សម្តែងការសោកស្ដាយចំពោះគ្រោះថ្នាក់នេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបាត់បង់មន្ត្រីនគរបាលយ៉ាងសកម្មម្នាក់ អំឡុងពេលបំពេញភារកិច្ចជូនជាតិ ផងដែរ ៕







សេចក្តីរាយការណ៍ សមត្ថកិច្ច
Discussion about this post