អន្តរជាតិ៖ ប្រទេសចិន នៅថ្ងៃពុធ ទី ៣ សីហា នេះ បានបន្តបញ្ចេញកំហឹងរបស់ខ្លួនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដោយហៅទង្វើនេះថា «គ្រោះថ្នាក់ និងឆោតល្ងង់» ខណៈដែលខ្លួនបានប្រកាសវិធានការសេដ្ឋកិច្ច និងទណ្ឌកម្មប្រឆាំងនឹងតៃវ៉ាន់។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញពីទីក្រុងភ្នំពេញ ដោយហៅថា “សហរដ្ឋអាមេរិកមិនគួរស្រមើស្រមៃអំពីការបំភ្លៃការពិតតាមឆន្ទៈនោះទេ។ ភាគីអាមេរិកបានអះអាងថា ប្រទេសចិនកំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង ប៉ុន្តែការពិតគឺថា អាមេរិកបានញុះញង់ចិនមុនលើបញ្ហាតៃវ៉ាន់ ហើយបានរំលោ. ភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនដោយឥតលាក់លៀម”។
តំណាងប្រទេសចិនពេលនេះលោកកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក (ASEAN Plus Foreign Ministers’ Meeting)។លោកបន្ថែមថា “ការបញ្ជូលបញ្ហាតៃវ៉ាន់ចូលក្នុងយុទ្ធសាស្ត្រតំបន់ដោយអាមេរិក ដែលបង្កើនភាពតានតឹង និងការប្រឈមដាក់គ្នា គឺប្រឆាំងនឹងនិន្នាការនៃការអភិវឌ្ឍន៍ក្នុងតំបន់ និងផ្ទុយពីការរំពឹងទុករបស់ប្រជាជននៅអាស៊ីប៉ាស៊ីហ្វិក”។
លោកថ្លែងសង្កត់ធ្ងន់ថា “វាគឺជាគ្រោះថ្នាក់ខ្លាំង និងជាអំពើឆោតល្ងង់”។

ជាមួយគ្នានោះ ទីក្រុងប៉េកាំងក៏បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន Nicholas Burn កាលពីយប់ថ្ងៃអង្គារ ដើម្បីសម្តែងការមិនយល់ព្រមចំពោះដំណើរទស្សនៈកិច្ចរបស់ប្រធានសភាអាមេរិក។
សូមបញ្ជាក់ថា ចិនតែងចាត់ទុកកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន និងបានប្រកាសរួបរួមគ្នាវិញនៅថ្ងៃណាមួយ ប៉ុន្តែមេដឹកនាំតៃវ៉ាន់បានប្រកាសថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារទឹកដី និងប្រជាជន។
ងាកមកខាងនេះវិញ គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen (លោកស្រី ត្សៃ អ៊ីងវិ) និងសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀតនៅថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលធ្វើឡើងដើម្បីបង្ហាញពីការគាំទ្ររបស់អាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។

លោកស្រី Pelosi បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ថ្វីបើមានការប្រឆាំងនឹងការព្រមានរបស់ចិនដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន។ ទស្សនកិច្ចនេះធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតក្នុងរយៈពេល២៥ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់កោះដែលគ្រប់គ្រងខ្លួនឯងមួយនេះ។
កន្លងមក ចិនបានគំរាមថានឹងឆ្លើយតបបែបយោធា ប្រសិនបើអ្នកស្រី Pelosi ហ៊ានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មិនយូរប៉ុន្មានក្រោយលោកស្រីអញ្ជើយទៅដល់ក្រុងតៃប៉ិកាលពីយប់ថ្ងៃអង្គារ ប្រទេសចិនបានប្រកាសពីការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ គឺដូចតាមការគំរាមពីមុនរបស់ខ្លួន។
កាលពីព្រឹកថ្ងៃអង្គារ យន្តហោះចម្បាំងនិងនាវាចម្បាំងចិនជាច្រើនគ្រឿងបានធ្វើដំណើរចូលទៅជិតខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ទៀតនៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃពុធនេះបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី បានបញ្ជាក់ យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ ខណៈលោកស្រីចាប់ផ្ដើមជំនួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន។
ថ្លែងដោយឈរនៅក្បែរលោកស្រី តៃ្ស អ៉ីងវិន លោកស្រី ផេឡូស៊ី គូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ប្រតិភូរបស់យើង…បានធ្វើដំណើរមកតៃវ៉ាន់ដើម្បី បញ្ជាក់យ៉ាងច្បាស់ថាយើងនឹងមិនបោះបង់ចោលការប្ដេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ឡើយ ហើយយើងពិតជាមានមោទកភាពចំពោះទំនាក់ទំនងមិត្តភាព យូរអង្វែងរបស់យើង»។
លោកស្រីបន្ថែមថាសាមគ្គីភាពរបស់អាមេរិកចំពោះតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន មានសារសំខាន់ជាងពេលណាៗទាំងអស់ តែទាំង លោកស្រី និងសេតវិមានបានអះអាងដូចគ្នាថាសហរដ្ឋអាមេរិកមិនបានផ្លាស់ប្ដូរអ្វី ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយឡើយ។

សូមបញ្ជាក់ថា លោកស្រី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ ដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារទី០២សីហានេះ ហើយក្រុមសមាជិកសភាអាមេរិកទាំង២ រាប់សិបនាក់ ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅឡើយដែលលោកប្រធានាធិបតី ចូ បៃដិន ដែលត្រូវបានគេរាយការណ៍ថាមិនទាន់បាននិយាយជាមួយលោកស្រីឡើយ ចាប់់តាំងពី ប្រធានសភាតំណាងរាស្ត្ររូបចេញដំណើរឆ្ពោះមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះបានធ្វើឱ្យលោកស្រី ក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ៕
















ប្រភពពីសារព័ត៌មានអន្តរជាតិ
Discussion about this post