ភ្នំពេញ ៖ កម្មវិធីកម្ចាត់មេរោគលើ កុំព្យូទ័រ ល្បីឈ្មោះ ឈរលំដាប់លេខ១ នៅអឺរ៉ុប ដែលគេស្គាល់ថា ជាកម្មវិធី ESET ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។
ESET គឺជាបច្ចេកវិទ្យារបស់ប្រទេស ស៊ូវ៉ាគី ជាប្រភេទកម្មវិធីកម្ចាត់លេខ១ នៅអឺរ៉ុប បច្ចុប្បន្នបាននិងកំពុងចរាចរណ៍ នៅក្នុងប្រទេសចំនួន២០២ បូករួមនឹងកម្ពុជាផង តាមរយៈក្រុមហ៊ុន ELITECH Distributor Co,.Ltd.។ ក្រុមហ៊ុន នេះទើបនឹងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HTECH ថ្មីៗនេះ ក្នុងការទទួលសិទ្ធិផ្ដាច់មុខ នាំយកកម្មវិធីកម្ចាត់មេរោគ របស់អឺរ៉ុប មកកម្ពុជា។

ESET ល្បីឈ្មោះតាំងពីប្រមាណ១០ឆ្នាំមុន មុនពេលត្រូវបាននាំចូលមកក្នុង ប្រទេសកម្ពុជា នាពេលនេះ។ បញ្ហានេះលោក មិន សុខម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ELITECH Distributor Co,.Ltd. បានបញ្ជាក់ថា ក្រុមហ៊ុនទើបសម្រេចនាំចូល ESET មកកម្ពុជានាពេលនេះ ដោយសារមើលឃើញពីភាពចាំបាច់។
លោក មិន សុខម៉េង ថ្លែងបន្តថា លោកបានបង្កើតក្រុមស្រាវជ្រាវមួយ ដើម្បីស្វែងរកតម្រូវការរបស់អតិថិជន ហើយក៏បានរកឃើញថា ពួកគេមានកាតព្វកិច្ចរក្សា ការពារឯកសារសំខាន់ៗ របស់ពួកគេលើកុំព្យូទ័រ ហើយជាមួយគ្នានេះ ពួកគេក៏ត្រូវការក្រុមជំនាញមួយទៀត ដើម្បីឆ្លើយតប ចំពោះបញ្ហារបស់ពួកគេភ្លាមៗ។ ដូច្នេះហើយទើប ELITECH សម្រេចនាំយក ESET មកកម្ពុជានាពេលនេះ។ ត្បិតថាពិភពលោកបាននិងកំពុងរីកចម្រើន ខាងផ្នែកបច្ចេកវិទ្យា ប៉ុន្តែមេរោគ ដែលគំរាមកំហែងសុវត្ថិភាព ឯកសារ ក្នុងកុំព្យូទ័រ ក៏កើនឡើងដូចគ្នា ដែលតាមរបាយការណ៍ បច្ចុប្បន្នមេរោគ ជាង៥ពាន់លាន បាន និងកំពុងគំរាមកំហែងសុវត្ថិភាព កុំព្យូទ័រ។

របាយការណ៍ អំពីវត្តមាន មេរោគកុំព្យូទ័រ ខាងលើត្រូវបានយកចេញពីគេហទំព័រ www.statista.com ហើយត្រូវបានយកមកបង្ហាញ ដោយ លោក ប៊ុន ចាន់ឈីម នាយក ប្រតិបត្តិ Elitect Distributor។ តាមរបាយការណ៍នេះ តួលេខជាក់ស្ដែង នៃមេរោគ កុំព្យូទ័រ ដែលបច្ចុប្បន្ន ចរាចរណ៍ពាសពេញ ប្រព័ន្ធបណ្ដាញនានា មានចំនួន៥.៤ ប៊ីលាន ករណី ទូទាំងពិភពលោក។ ក្នុងនោះការគំរាមកំហែង ជាមេរោគ ប្រភេទ RANSOMEWARE មានចំនួនដល់ទៅ ៦៨.៥% ឯណោះ។
លោកបន្ថែមថា ក្នុងរបាយការណ៍ដដែលនេះ ថា ចិនជាប្រទេស ដែលរងការវាយប្រហារ ពីមេរោគនិង ក្រុម Hacker ច្រើនជាងគេបំផុត ក្នុងពិភពលោក ក្នុងនោះ ចិន តែមួយមានចំនួន ៤៧.៨% នៃចំនួនកុំព្យូទ័រ សរុបទូទាំងប្រទេស ត្រូវរងការវាយប្រហារដោយ Hacker។
ពពួកមេរោគ ឬ ក្រុមHacker មួយផ្នែក គឺមានជាប់ពាក់ព័ន្ធ យ៉ាងសំខាន់ចំពោះការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ឬ Software មិនមានអាជ្ញាប័ណ្ណ (Licence) នេះ បើតាមលោក អ៊ូ ផាន់ណារិទ្ធ ប្រធាន នាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។
ថ្លែងនៅក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន HTECH និង ELITECH Distributor នាំយកកម្មវិធីកម្ចាត់មេរោគ ESET ចូលមក ក្នុងប្រទេសកម្ពុជា លោក អ៊ូ ផាន់ណារិទ្ធ លើកឡើងថា ការប្រើ Software អត់មាន Licence ត្រឹមត្រូវគឺមានហានិភ័យខ្ពស់បំផុត ព្រោះនោះជាច្រកដែល Hacker អាចបញ្ចូលមេរោគទៅកុំព្យូទ័រ យើងបានដោយងាយ។
នៅកម្ពុជាលោក ផាន់ ណារិទ្ធ បានធ្វើការប៉ាន់ប្រមាណថា បច្ចុប្បន្នអ្នកប្រើប្រាស់កុំព្យូទ័រ ឬ កម្មវិធីផ្សេងៗ មានអាជ្ញាប័ណ្ណត្រឹមត្រូវគឺមានតិចតួច នៅឡើយ។ ស្ថានភាពបែបនេះដូច លោកលើកឡើងគឺមានកម្រិតហានិភ័យខ្ពស់បំផុត ដែលអាចកើតមានលើឯកសារសំខាន់ៗ នៅលើកុំព្យូទ័រ ដែលរបស់សំខាន់បំផុតក្នុងការធ្វើពាណិជ្ជកម្មសម័យឌីជីថល។
លោកគូសបញ្ជាក់ថា ៖ “សម័យនេះ យុគៈនេះ Data is very important អីចឹងហើយ អ្នកដែលមាន Data គឺជាអ្នកឈ្នះហើយ ព្រោះយុគៈនេះ គេធ្វើ Business Economic នៅលើ Data ហ្នឹង ហើយអីចឹង ហើយ Data យើងត្រូវ Protect សំខាន់បំផុត!”។
លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិ Elitect Distributor ដែលនាំកម្មវិធី ESET មកកម្ពុជាបានអះអាងថា ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគគឺមានប្រយោជន៍៤យ៉ាង ទី១.ជួយការពារទិន្នន័យ ក៏ដូចជា ឯកសារសំខាន់ៗ ដែលមាននៅក្នុងកុំព្យូទ័រ ពីពពួក មេរោគ។ ទី២. ជួយការពារកុំព្យូទ័រ ពីការជាប់គាំងដោយសារមេរោគ។ ទី៣. ជួយឲ្យមានសុវត្ថិភាព លើការទូទាត់តាមរយៈធនាគារ ដែលជាហានិភ័យធំមួយ នាពេលបច្ចុប្បន្ន។ និង ទី៤. រារាំង សារ និង ផ្ទាំង ពាណិជ្ជកម្ម ឥតប្រយោជន៍ ដែលបង្កឡើងដោយមេរោគ ហើយនេះជាច្រកមួយសម្រាប់ក្រុម Hacker បញ្ចូលមេរោគ ចូលទៅក្នុងកុំព្យូទ័ររបស់យើង៕











Discussion about this post