ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ សាង ស៊ីដែត ហៅ ហួច ភេទស្រី ពីបទ ជេប្រមាថជាសាធារណៈ មកលើរូបលោកជំទាវ ញ៉ែម មរកត ជាផ្លូវការហើយ ក្រោយអួតអាងនិងធ្វើជេរប្រមាថជារើយៗ មិនចេះចប់មិនចេះឈប់ រហូតលោកជំទាវ ញ៉ែម មរកត ទ្រាំំមិនបាន។

ជនជាប់ចោទឈ្មោះ សាង ស៊ីដែត ហៅ ហួច អាយុ ៤៦ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ននៅបុរីប៊ុនជេស ខុនដូរលេខ១-២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច ផ្តន្ទាទោសពីបទ ជេរប្រមាថជាសាធារណៈ តាមមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ដោយសម្រេចបង្គាប់ឲ្យជនជាប់ចោទសងជម្ងឺចិត្តជូនទៅឲ្យដើមបណ្តឹងឈ្មោះ ញ៉ែម មរកត ចំនួន ៥,០០០,០០០(ប្រាំលាន)រៀល និង ពិន័យជាប្រាក់ ចំនួន ៥,០០០,០០០(ប្រាំលាន)រៀល ចូលជាថវិការដ្ឋ។
យោងតាមសម្រង់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ពីអង្គហេតុ គឺក្នុងអំឡុងខែមីនា ឆ្នាំ២០២១ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានជូនឈ្មោះ ចេង នីវណ្ណា ទៅបំភ្លឺរឿងករណីស្ត្រីឈ្មោះ សាង ស៊ីដែត ជាសមាជិកនៅក្នុងសមាគមស្រ្តីអ្នកជំនួញកម្ពុជា បាន រំលោភលើទំនុកចិត្ត (ជំពាក់ប្រាក់មិនសង យកប្រាក់បញ្ញើទៅចាយ ទិញរថយន្តមិនឲ្យលុយគ្រប់) ដោយយោងតាមការអញ្ជើញរបស់សមត្ថិកិច្ចបានប្រាប់ថា ឈ្មោះ ជិន សុបញ្ញា ត្រូវជាប្តីរបស់ឈ្មោះ សាង ស៊ីដែត ចង់ប្រគល់រថយន្តឲ្យឈ្មោះ ចេង នីវណ្ណា វិញ ហើយការចូលរួមនេះគឺតបតាមការស្នើសុំ និងការប្រគល់សិទ្ធិ ពីឈ្មោះ ចេង នីវណ្ណា ដោយលោកជំទាវយល់ថាឈ្មោះ ចេង នីវណ្ណា គឺជាអតីតប្រធានសមាគមស្រ្តីអ្នកជំនួញកម្ពុជា ជាដៃគូរសហការក្នុងការជួយអភិវឌ្ឍផលិតផលខែ្មរ និងចូលរួមលើកកម្ពស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច អាជីវកម្មឯកជននិងសហគមន៏ ហើយកិច្ចការនេះលោកជំទាវបានសហការជាមួយលោកស្រី ចេង នីវណ្ណា ជាង២០ឆ្នាំមកហើយក្នុងនាមក្រសួងនិងក្នុងនាមវិស័យឯកជនផង។ ហេតុដូច្នេះ បើមានសំណើពឹងពាក់រឿងស្របច្បាប់ត្រូវតែជួយសម្របសម្រួលតាមផ្លូវច្បាប់ដល់ជនរងគ្រោះដោយគ្មានការរើសអើង ប៉ុន្តែបុគ្គលប្រព្រឹត្តអាក្រក់ខ្លះមិនសប្បាយចិត្តទេនៅពេលមានអ្នកជួយជនរងគ្រោះ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ចេង នីវណ្ណា បានដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចោទប្រកាន់លើឈ្មោះ សាង ស៊ីដែត ហៅ ហួច ពីបទ រំលោភលើទំនុកចិត្ត ដោយខ្ចីប្រាក់ពីគាត់ចំនួន ៥២.៦០០$ គេចវេសពុំទទួលខុសត្រូវ។ លុះដល់ថ្ងៃកំណត់លោកជំទាវក៏បានជូនឈ្មោះ ចេង នីវណ្ណា ទៅទទួលរថយន្តពីភាគីជនសង្ស័យឈ្មោះ សាង ស៊ីដែត នៅក្នុងអំឡុងពេលសាកសួរម្ចាស់ប្រាក់ស្រាប់តែឈ្មោះ សាង ស៊ីដែត លូកមាត់កាត់និយាយលេបខាយ ដៀមដាម ស្រែកឡូឡាប្រើពាក្យអាសអាភាសពង្វែងពីករណីរំលោភលើទំនុកចិត្តដោយចោទប្រកាន់ទៅម្ចាស់ប្រាក់វិញ ជាពិសេសគម្រាមឲ្យម្ចាស់ប្រាក់ដកពាក្យបណ្តឹងដែលប្តឹងខ្លួនវិញភ្លាម បើមិនដកពាក្យទេប្រយ័ត្នជាប់គុកប្រាំឆ្នាំ។ល។ ក្រោយពីបំភ្លឺជូនសមត្ថកិច្ចរួចមក លោកជំទាវ ញ៉ែម មរកត បានក្រោកឡើងដើរចេញមកដល់មាត់របងក្រៅ ស្រាប់តែឈ្មោះ សាង ស៊ីដែត បានស្រែកជេថា មីជំទាវភ្លីភ្លើសមតែវ៉ៃក្បាលនិងស្បែកជើងទេ ចំណែកប្តីរបស់ សាង ស៊ីដែត ឈ្មោះ ជិន សុបញ្ញា ដែលអង្គុយនៅពីក្រោយ បានលួចថតរូបភាពនិងថតសម្លេងពេលសមត្ថកិច្ចកំពុងសួរនាំ និងបង្ហោះចែកចាយផ្ញើទៅឲ្យអ្នកដទៃផ្សេងទៀត ហើយអួតក្អេងក្អាងថា “ ខ្លួនឲ្យប៉េអឹមដេញក្បាលមីជំទាវនោះចេញក្រៅ សមមុខមីជំទាវហ្នឹងហើយ “ និងគម្រាមដកសក្កិបន្ថែមទៀត។

តាមការបញ្ជាក់របស់មេធាវីលោកជំទាវ ញ៉ែម មរកត ថា ពាក្យ មីជំទាវភ្លីភ្លើ និងការគម្រាមយកស្បែកជើងវ៉ៃក្បាលនេះ គឺជាការប្រមាថធ្ងន់ធ្ងរណាស់ ប៉ុន្តែលោកជំទាវមិនប្តឹងឡើយដោយគ្រាន់តែឲ្យសុំទោសប៉ុណ្ណោះ មុនដាក់ប្តឹងគឺគាត់ទុកពេលឲ្យជាច្រើនខែ ប៉ុន្តែឈ្មោះ សាង ស៊ីដែត បានបង្កើនអំណួតបង្ហោះសារជេបញ្ចោដៀមដាម ប្រមាថមកលើរូបលោកជំទាវកាន់តែខ្លាំងតាមប្រព័ន្ធសង្គម ដោយឌឺដងរុញឲ្យជនរងគ្រោះប្តឹងខ្លួន ៥សាលា ទៅ១០០សាលាក៌មិនខ្លាច ហើយការជេ មីជំទាវភ្លីភ្លើ សមតែវ៉ៃក្បាលនិងស្បែកជើង គឺជាការប្រមាថមើលងាយខ្លាំងបំផុត ធ្វើឲ្យប៉ះពាល់ដល់គោរមងារនៃការតែងតាំងដោយព្រះរាជក្រឹត្យ ការងារ កិត្តិយស សេចក្តីថ្លៃថ្នូ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហេតុនេះធ្វើឲ្យលោកជំទាវជាជនរងគ្រោះដាច់ខាតត្រូវប្រើប្រាស់សិទ្ធិសេរីភាពក្នុងនាមជាពលរដ្ឋម្នាក់ដាក់បណ្តឹងតាមផ្លូវច្បាប់ ដើម្បីជាការព្រមានដល់ជនជាប់ចោទឈ្មោះ សាង ស៊ីដែត អាយុ៤៦ឆ្នាំរូបនេះ កុំឲ្យប្រព្រឹត្តនូវទង្វើខុសច្បាប់ ដើរបំពានបោកប្រាស់ និងជេរប្រមាថទៅលើអ្នកដទៃជាបន្តទៀត។
បច្ចុប្បន្នជនជាប់ចោទឈ្មោះ សាង ស៊ីដែត នៅជាប់បណ្តឹងចំនួន៤សំណុំរឿងទៀតដែលតុលាការកំពុងដំណើរការតាមនិតិវិធីច្បាប់៕








Discussion about this post