ភ្នំពេញ៖ សុខៗស្រាប់តែលោកគ្រូ ម៉ិច សីហា ដែលគេស្គាល់ថា លោកគ្រូអប់រំនិងបណ្តុះបណ្តាលផ្នែកអាជីវកម្មបែរជាចេញមុខមកនិយាយ អង្វរ និង សុំការផ្តល់ការយោគយល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីឱ្យតារាចម្រៀង ប៊ុត សីហា ចូលជាធ្វើជាតារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ី។
ប៉ុន្តែសម្រាប់អ្នកឧញ៉ា ឡេង ណាវ៉ាត្រា គឺលោកប្រកាសថា លោកចិត្តទូលាយ ព្រមទទួលយកតែលោកសុំសួរត្រឡប់ទៅវិញថា តារាចម្រៀង ប៊ុត សីហា អាចទេ ជាមនុស្សគោរពវេលានិងគោរពវិន័យការងារ ប្រសិនបើលោកទទួលយកនោះ?

ក្រោយលោកគ្រូ ម៉ិច សីហា បង្ហោះសារអង្វរជំនួសមុខតារាចម្រៀង ប៊ុត សីហា ហើយកអ្នកឧញ៉ា ឡេង ណាវ៉ាត្រា ក៏តបវិញដោយសរសេរសារមួយ កាលពីថ្ងៃ១២ ខែសីហា ឆ្នាំ២០២២ឱ្យដឹងថា “ខ្ញុំសុំកោតសរសើរនូវសន្ដានចិត្តលោកគ្រូ ដែលមានបំណងចង់ជួយជ្រោមជ្រែងមនុស្សដែល ធ្លាប់មានកំហុស និងកែប្រែដើម្បីអនាគតថ្មី។ សម្រាប់ខ្ញុំមិន មានទោមនស្សទេ កន្លងទៅពេលដែលបើកក្រុមហ៊ុនដំបូង លោកយឹមតាស្រង់ដែលជាអ្នកគ្រប់គ្រងបានទាក់ទងមនុស្សពីនាក់គឺ តន់ ច័ន្ទសីម៉ា និង ប៊ុត សីហា ។ ហើយណាត់គាត់ជួប ប៉ុន្តែប្អូន ប៊ុត សីហា គាត់បែរជាមិនគោរពពេលវេលាមកជួប។ ហើយក្រុមហ៊ុនក៏សម្រេច មិនចរចាជជែកគ្នាទៀត តែយ៉ាងណាក៏ដោយពេលនេះ បើសិនជាពុកម៉ែបងប្អូនគាំទ្រ ឲ្យខ្ញុំបាទ ផ្ដល់ឱកាសឲ្យគាត់ ខ្ញុំនឹងផ្ដល់ឱកាសគាត់ តែត្រូវសួរគាត់សិនថាគាត់ចង់ឬអត់? ទោះបីជាក្រុមហ៊ុនព្រមទទួលក៏ប៉ុន្តែដាច់ខាតកុំអោយលើសខ្សែបន្ទាត់ខ្សែក្រហម ត្រូវតែគោរពវិន័យនិង លក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយក៏សូមឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីផង សំណេរខ្ញុំនេះក៏អាចជាភស្តុតាងមួយ កុំឱ្យអ្នកដែលចង់ជួយទៅជាអ្នកដែលមានកំហុស។ ព្រោះអ្នកជោគជ័យនីមួយៗមិនមែនមានត្រឹមតែ អ្វីដែលជាពីរកំណើតទាំងអស់នោះទេ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមគ្រប់ផ្នែក ទើបអាចឈរជើងបាន។”

សូមរំលឹកឡើងវិញថា កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការចាប់ខ្លួនម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវិទ្យាល័យពងទឹក ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ប៊ុត សីហា គឺជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស កាលពីអំឡុងចុងឆ្នាំ២០១៤កន្លងទៅ ហើយត្រូវបានកម្លាំនគរបាលខាងលើតាមដាន និងស្រាវជ្រាវជាច្រើនថ្ងៃកន្លងមក ក្រោមការសង្ស័យនិងដឹងថាបានប្រើប្រាស់គ្រឿងញៀន៕




Discussion about this post