កំពង់ធំ ÷តាមការរៀបរាប់ពីសមត្ថកិច្ចនៅប៉ុស្តិ៍រដ្ឋបាល ឃុំស្រើង ស្រុកប្រាសាទសំបូរ បានឲ្យដឹងថា នៅវេលាម៉ោង១៥ៈ២០នាទីរសៀល ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២២មានករណីមនុស្សលង់ទឹករកមិនទាន់ឃើញនៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

តាមការរៀបរាប់បានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញបុរសនារីពីរនាក់បានជិះម៉ូតូពណ៌ខ្មៅមួយគ្រឿង ម៉ាកហុងដាC១២៥ ដែលមានស្លាកលេខ កំពង់ធំ១Q៤៧៤២ ពេលមកដល់កន្លែងកើតហេតុ អ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំងបាននាំយកទាំងម៉ូតូទាំងមនុស្ស តែត្រូវបានជួយសង្គ្រោះបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារី មិនទាន់រកឃើញនៅឡើយទេ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាបុរសដែលជួយសង្គ្រោះបានមានឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានជួយសង្គ្រោះទាន់ពេលវេលា។ ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មិនទាន់រកឃើញសពនៅឡើយទេ។




Discussion about this post