ខេត្តកណ្តាល ៖ ជនសង្ស័យដែលម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើការចាប់ឃាត់ខ្លួន ករណី កាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ក្រោយបានជិះម៉ូតូមួយគ្រឿង ដកកាំភ្លើង១ដើម បាញ់ទៅលើរថយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងចាប់ខ្លួនបាននៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះ មានជនរងគ្រោះ២នាក់ រួមមាន ៖
ទី១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់ )។
ទី២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខ ភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពល់មុខខាងឆ្វេង ០១គ្រាប់ )។

ចំណែកជនសង្ស័យ ឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច (មានសារធាតុញឿន) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)ដកហូតបាន ៖
១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបក កាទូសចំនួន០២ ។
២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១។
៣-កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ ។
៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621។
សមត្ថកិច្ចបានបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ផ្នែកជំនាញបានទទួលព័ត៌មានពី ប៉ុស្ដិ៍នគរបាលបែកចាន ថាមានមុខសញ្ញាខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លី មួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ចំនួន២គ្រឿងបណ្តាលឲ្យរងការខូចខាត សំណាងមិនចំមនុស្ស ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី ហើយបើយោងតាមចម្លើយសារភាពថា៖ ខ្លួនបានបាញ់ ចំនួន ៤គ្រាប់ ត្រូវរថយន្ត ៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញជាច្រើនគ្រាប់ ។ មូលហេតុបឋមនោះ គឺខឹងប្រពន្ធ តែទោះបីជាយ៉ាងណា កម្លាំងជំនាញកំពុងបន្តតាមនីតិវិធីច្បាប់ ៕











Discussion about this post