(ភ្នំពេញ ) : ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដីកាសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ទទួលផលចោ.រកម្ម ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដោយខ្លះដេកនៅផ្ទះ និងខ្លះទៀតកំពុងដេកមន្ទីរពេទ្យ ។

ជនសង្ស័យទាំង៩នាក់ខាងលើនោះ រួមមាន ៖ ១- ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។
២- ឈ្មោះ ធន់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក។
៣- ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ។
៤- ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិក។
៥- ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបុគ្គលិក។
៦- ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកយាមឃ្លាំង។
៧- ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ។
៨- ឈ្មោះ និត នឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិក និង៩- ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ក្នុងសេចក្ដីសម្រេចដែលទទួលបានឲ្យដឹងថា ក្រុមការងារនេះមានលោក ឃួង ស្រេង ផ្ទាល់តែម្ដងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។
ក្រោយចេញសេចក្ដីសម្រេចនេះ ប្រជាពលរដ្ឋមានជំនឿជឿជាក់ថា ក្រុមការងារដែលដឹកនាំផ្ទាលដោយលោក ឃួង ស្រេង និងលោក ឃ្លាំង ហួត អមដោយស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនេះ នឹងបោសសម្អាតនូវទីតាំងបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរជាងមុន ព្រោះថាកន្លែងទទួលបញ្ចាំខុសច្បាប់នេះ ក៏ជាដើមចមដែលនាំឲ្យមានអំពើចោរកម្មកើតឡើងផងដែរ៕





Discussion about this post