ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការបង្រ្កាបទីតាំងល្បែងអនឡាញមួយកន្លែង យីហោ«ស្កាយណេត អ៊ីនធើណេត កាហ្វេ» ដោយបានធ្វើការឃាត់ខ្លួនជនជាតិចិន ៦នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតទូរទស្សន៍ជាច្រើនគ្រឿង។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤ និង ១០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅទីតាំងល្បែងអនឡាញ ស្ថិតនៅក្នុងក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាល បានឱ្យដឹងថា ទីតាំងខាងលើនេះ បើកដំណើរការជាលក្ខណៈអ៊ីនធើណេត ប៉ុន្តែបែរជាលួចបង្កប់ល្បែងស៊ីសងមួយចំនួន តាមប្រព័ន្ធអនឡាញ ដែលមានអ្នកចូលលេងជារៀងរាល់ថ្ងៃ ជាពិសេសជនជាតិចិនតែម្ដង។ កន្លងមក បើទោះបីជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានធ្វើការណែនាំជាបន្តបន្ទាប់ហើយក្ដី ក៏ទីតាំងនេះ នៅតែល្មើសលួចបើកល្បែងជ្រកក្រោមស្លាកអ៊ីនធើណេត ដោយមិនខ្វល់អ្វីឡើយ។
ប្រភពដដែលបានប្រាប់ទៀតថា បន្ទាប់ពីការស្រាវជ្រាវរកឃើញថា ទីនោះ មានបង្កប់ល្បែងបែបនេះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅធ្វើការបង្រ្កាបតែម្ដង។ ខណៈនោះ កម្លាំងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ និងខ្មែរម្នាក់ ព្រមទាំងដកហូតទូរទស្សន៍ ចំនួន ៣៨គ្រឿង និងសម្ភារៈមួយចំនួនទៀត ដែលបម្រើឲ្យល្បែងអនឡាញខាងលើនោះ។
ប្រភពខាងលើ បានបញ្ជាក់ប្រាប់ថា ក្រោយពេលឃាត់ខ្លួន និងរឹបអូសយកបាន មនុស្សទាំង ៧នាក់ រួមជាមួយនិងសម្ភារៈទាំងអស់ ត្រូវបាននាំទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង៕




Discussion about this post