ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការបើកយុទ្ធនាការ Beyond the Games របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីបំផុសចលនាមហាជន ឲ្យបានយល់ដឹងបន្ថែមទៀត ពីមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះជាលើកដំបូង។

ការគូសបញ្ជាក់នេះ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការខាងលើ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅអាគារ The Kampus ដោយមានឯកឧត្តមរដ្ឋមន្ដ្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីរាជការ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី ភ្ញៀវកិត្តិយស ពិសេសវត្តមានរបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា សរុបប្រមាណ ៣០០នាក់ចូលរួម។
ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ថា «ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC យើងសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំបើកយុទ្ធនាការក្រៅពីកីឡា បានន័យថា លើសពីអ្វីដែលជាកីឡា ដែលជាកម្មវិធីមួយដ៏ពិសេស ដើម្បីគាំទ្រដល់ការបំផុសចលនាមហាជនទូទៅ ឲ្យជ្រូតជ្រាបបន្ថែម នូវការរៀបចំមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកដំបូង ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
ការរៀបចំយុទ្ធនាការនេះ គឺជាក្ដីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំ សម្រាប់ឆ្ពោះទៅរកគោលដៅ ដែលគណៈកម្មការរៀបចំ ចង់បាន ពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានបទពិសោធន៍ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រហូតលេចចេញជាលទ្ធផល និងផ្លែផ្កា ដែលនឹងជួយសម្រាលការងារមួយចំនួនរបស់ CAMSOC ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។ ឯកឧត្តមសង្ឃឹមថា យុទ្ធនាការនេះ នឹងក្លាយជាមេដែកមួយ ដើម្បីឆក់យកបេះដូងរបស់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមកាន់តែសស្រាក់សស្រាំថែមទៀត។
ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមថា «យើងពិតជារំភើបរីករាយខ្លាំងណាស់ ដែលសហភាពសហព័ន្ធយុវជនកម្ពុជារបស់យើង បានផ្ដួចផ្ដើមធ្វើកិច្ចការដ៏មានសារសំខាន់នេះឡើង សម្រាប់ជាប្រវត្តិសាស្ដ្រមនុស្សជាតិ សម្រាប់ជាប្រវត្តិសាស្ដ្រនៃប្រទេសជាតិរបស់យើង និងជាការដាស់ស្មារតី នៃមនសិការរបស់ជាតិទាំងមូល រួមគ្នាជាធ្លុងមួយ ឯកភាពជាតិតែមួយ ឆ្ពោះទៅរកសុភមង្គល និងគោលដៅ នៃភាពសុខសាន្ដ និងសន្ដិភាពយូរអង្វែងរបស់កម្ពុជា»។
ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ Beyond the Games បានថ្លែងក្នុងពិធីបើកយុទ្ធនាការនេះថា Beyond the Games នឹងក្លាយជាយុទ្ធនាការមួយ ជាមួយយុទ្ធនាការរួមរបស់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៣ រួមមាន៖
១- យកព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីលើកតម្កើងកម្ពុជា លើសពីកីឡា លើសពីស៊ីហ្គេម លើសពីអាស៊ានប៉ារ៉ាហ្គេម ប៉ុន្ដែលើកតម្កើងកម្ពុជាទាំងមូល តាមរយៈការបង្ហាញពីមុខមាត់ សុខសន្ដិភាព សមត្ថភាព ឧត្តមភាព និងសក្ដានុពលរបស់កម្ពុជា។
២- ផ្សារភ្ជាប់តម្លៃនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយមោទកភាពនូវអ្វីដែលកម្ពុជាមាន ក្នុងនាមជាម្ចាស់ផ្ទះ និងរំលេចភាពសម្បូរសប្បាយ ការរីកចម្រើន វប្បធម៌ អរិយធម៌ និងមោទកភាពជាតិ ប្រកបដោយសុទិដ្ឋិនិយម ភាពជឿជាក់ និងក្ដីសង្ឃឹមចំពោះអនាគតកម្ពុជា។
៣-ជំរុញឲ្យសាធារណជនស្វែងយល់បន្ថែមទៀត ហើយបន្សល់នូវស្មារតី និងចងចាំនូវអនុស្សាវរីយ៍ល្អៗទាំងមុន អំឡុងពេល និងក្រោយព្រឹត្តិការណ៍៕














Discussion about this post