CAMSOC-សៀមរាប៖ អត្តពលិកកីឡាកង់ភ្នំជម្រើសជាតិកម្ពុជាបាននិងកំពុងហ្វឹកហាត់យ៉ាងរលូននៅខេត្តសៀមរាបដើម្បីត្រៀមបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ។

បច្ចុប្បន្នក្រុមដែលមានសមាជិក ៨នាក់កំពុងហ្វឹកហាត់នៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ឧទ្យាជាតិព្រះជ័យវរ័្មន-នរោត្តម ភ្នំគូលែន) ជាទីតាំងប្រកួតផ្ទាល់សម្រាប់ស៊ីហ្គេម២០២៣ ក្រោមការដឹកនាំដោយគ្រូបង្វឹក លោក អ៊ុច សុខវិបុល ដែលបានចាប់ផ្ដើមជំរំនេះតាំងពីខែកក្កដា ឆ្នាំ២០២១។ គ្រូបង្វឹកបានជម្រាបជូនពីស្ថានភាពរបស់ជំរំ ទាំងការហ្វឹកហាត់ ការស្នាក់នៅ និងបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាការតាំងចិត្តរបស់កូនក្រុមទាំងមូល ដើម្បីត្រៀមប្រជែងមេដាយជាលើកដំបូងជូនជាតិ លើប្រភេទកីឡាកង់ភ្នំនេះ។
លោក អ៊ុច សុខវិបុល បានជម្រាបជូនដូច្នេះថា ៖«ការហ្វឹកហាត់គឺមានវឌ្ឍនភាពជាបន្តបន្ទាប់ , ទីលានហ្វឹកហាត់ Performance កីឡាករ-កីឡាការីនី, លទ្ធផលនៃការប្រកួតជាតិ និងអន្តរជាតិ, ចំណេះដឹង និងជំនាញ, ការរស់នៅប្រកបដោយ សេចក្តីថ្លៃថ្នូរ។ ទាំងអស់នេះ គឺកើតឡើងដោយកិច្ចការងារជំនាញ មានផែនការជាក់លាក់ មានការប្រតិបត្តិ ការតាមដានដោយ យកចិត្តទុកដាក់ ការធ្វើបច្ចុប្បន្នភាពឲ្យទាន់សម័យកាល កិច្ចសហការប្រកបដោយទំនុកចិត្ត និងទំនុកចិត្តរបស់ក្រុម គួបផ្សំនឹង ការគាំទ្រពីថ្នាក់លើដល់ថ្នាក់ក្រោម រួមមាន សហព័ន្ធកីឡា ក្រសួងពាណិជ្ជកម្ម ស្ថាប័នកីឡា ស្ថាប័នអប់រំ និងថ្នាក់ដឹកនាំប្រទេស»។
ដោយបានហ្វឹកហាត់ ១ឆ្នាំជាង ឆ្លងកាត់រដូវប្រាំង និងរដូវវស្សា កីឡាករ-កីឡាការិនី បានជួបនូវឧបសគ្គខ្លះៗក្នុងពេលហ្វឹកហាត់ ទាំងកត្តាអាកាសធាតុ សម្ភារ និងធនធានថវិកាជាដើម ប៉ុន្តែគ្រូបង្វឹកដដែលរូបនេះបានសង្កត់ធ្ងន់ថា ក្រុមទាំងមូលមិនទោរទន់តាមបញ្ហាទាំងនេះទេ និងតែងតែរិះរកមធ្យោបាយដើម្បីដោះស្រាយ។
លោក អ៊ុច សុខវិបុល បានបញ្ជាក់ថា ៖«កន្លងមកក្រុមការងារ និងកីឡាករ-កីឡាការិនី បានជួបបញ្ហាប្រឈមមួយចំនួននៅក្នុងកិច្ចការ និងការហ្វឹកហាត់ រួមមានអាកាសធាតុ កង្វះកង់ គ្រឿងកង់ និងសម្ភារហ្វឹកហាត់ ថវិកា និងជំងឺជាដើម។ រដូវវស្សាមានភ្លៀងធ្លាក់ច្រើន ជាហេតុនាំឲ្យផ្លូវហ្វឹកហាត់មានដក់ទឹក បាក់ដីហូរច្រោះ រអិល រុក្ខជាតិ ស្មៅ បន្លារដុះទ្រុបលឿន បង្ករផលវិបាកក្នុងការហ្វឹកហាត់។ មានដួលរបួសស្នាមខូចខាត់កង់ គ្រឿងកង់ និងសម្ភារបានសឹករិចរិលច្រើន។ រដូវប្រាំងខែចែត្រ ក្តៅខ្លាំង បង្កផលរំខានដល់ពេលវេលាហ្វឹកហាត់របស់កីឡាករ-កីឡាការិនី។ លើសពីនេះកង្វះខាតឧបករណ៍ហ្វឹកហាត់ GYM និងសម្ភារកង់មួយចំនួនសម្រាប់ហ្វឹកហាត់កម្រិតជំនាញខ្ពស់។ ការយឺតយ៉ាវថវិកាឧបត្ថម្ភដោយខែ ព្រោះជំរំត្រូវការចំណាយជាប្រចាំ។ យ៉ាងណាមិញ បញ្ហាគឺរមែងតែងកើតមាននៅក្នុងកិច្ចការ និងការរស់នៅប្រចាំថ្ងៃ តែក្រុមការងារជំរំហ្វឹកហាត់ គឺមិនបានទោរទន់តាមបញ្ហាទាំងនោះទេ គឺយើងតែងតែរិះរកមធ្យោបាយគ្រប់វិធីដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ព្រោះគំនិតរបស់យើងខ្ញុំ គឺបញ្ហាកើតឡើងត្រូវតែដោះស្រាយ មិនទុកជាឧបសគ្គ»។
កាលពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កង់ភ្នំកម្ពុជា ធ្វើបានល្អដោយកៀកទៅនឹងការប្រជែងមេដាយ តាមរយៈកីឡាករ ឆាន ឆៃហ្វុង ឈរនៅលេខ៥ ខណៈកីឡាករ ហួត លយរស្មី ឈរនៅលេខ៦ ក្នុងកម្រិតអ្នករត់ផ្តាច់មុខ២ជុំ ពីកីឡាករជើងខ្លាំងៗ និងមានបទពិសោធន៍ ស្របពេលកីឡាការិនី ខេន ម៉ាឡៃ និង យត់ កន្និកា នៅក្មេងខ្ចី ប៉ុន្តែក្លាហានរត់ដេប៉ាឈានមុខកីឡាការិនីជើងខ្លាំងៗ និងមានបទពិសោធន៍។ គ្រូបង្វឹក អ៊ុច សុខវិបុល សម្ដែងក្ដីរីករាយ ព្រោះមើលឃើញថាផែនការ ទិសដៅ យុទ្ធសាស្ត្រ ការអនុវត្ត ដែលបានដាក់ធ្វើកន្លងមក គឺមានប្រសិទ្ធិភាព ដើម្បីឈានឆ្ពោះគោលដៅក្នុងការក្រកួតប្រជែងដណ្តើមយកមេដាយជូនជាតិមាតុភូមិ។
ជុំវិញក្ដីរំពឹងមេដាយ លោក អ៊ុច សុខវិបុល បានសង្កត់ធ្ងន់ថា ៖«យើងខ្ញុំបានដាក់ក្តីរំពឹងខ្ពស់ ថានឹងអាចទទួលបានលទ្ធផលល្អនៃការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ យើងសម្លឹង Podium ក្តាលេខ១ ២ ៣។ យើងចង់បំបែកកំណត់ត្រានៃកីឡាប្រណាំងកង់ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមពួកខ្ញុំ ជាគ្រូបង្វឹកជំនាញ និងក្រុមការងារ ព្រមទាំងកូនសិស្សជាអត្តពលិកនៅរំជំហ្វឹកហាត់ទាំងអស់ មានសេចក្តីសោមន្សរីករាយ នឹងការទទួលបានឱកាសកិច្ចការនេះ។ យើងមានស្មារតីខ្ពស់ចំពោះកិច្ចការយើងមានទឹកចិត្ត និងគោរពប្រតិបត្តិឲ្យតម្លៃចំពោះកិច្ចការងាររបស់ខ្លួន និងកិច្ចការងារកីឡា (ការងារសង្គម)»។
កង់ភ្នំ ដែលជាវិញ្ញាសាក្នុងប្រភេទកីឡាទោចក្រយាន នឹងត្រូវប្រកួតក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅឧទ្យាជាតិព្រះជ័យវរ័្មន-នរោត្តម (ភ្នំគូលែន) ដោយនៅក្នុងវិញ្ញាសាកង់ភ្នំមានវិញ្ញាសាបន្ថែមទៀត ដូចជាបុរស-នារី (XCO Men-Women) បណ្តាក់បុរស-នារី (XCO Mix Relay) និង Eliminate បុរស-នារី៕



Discussion about this post