ភ្នំពេញ៖ មួយរយៈនេះគឺផ្ទុះខ្លាំងនូវរឿងមិនគួរកើតទៀត ដែលជាមន្ត្រីចរាចរណ៍ ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ត្រូវបានកោះហៅ មកណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង៣ខែ។ ប៉ូលិសចរាចរណ៍នេះ បានប្រើពាក្យសម្តីអសុរស ឈ្លោះទាស់ទែងនឹងអ្នកបើកបរឡាន ដែលប៉ូលិសបានស្ទាក់ចាប់ផាកពិន័យ ។

ប្រជាពលរដ្ឋ លើកដៃសូមស្នើរនិងជាការក្រើនរំលឹកផងថា ប្រាក់ខែនិងសម្លៀកបំពាក់ដែលរបស់មន្ត្រីចរាចរណ៍ គឺញើសឈាមរបស់ប្រជាជនកម្ពុជាទាំងមូល ដែលបង់ពន្ធជូនរដ្ឋ សម្រាប់អស់លោកមន្ត្រីជាកង់កម្លាំងសមត្ថកិច្ច មានលុយចាយ មានប្រាក់ខែចិញ្ចឹមគ្រួសារ។ សូមបញ្ឈប់ភាពលោបលន់ខ្វះវិជ្ជាជីវៈ មិនខ្វល់ពីរាស្រ្តនោះ។ “កងកម្លាំងអាជ្ញាធរសមត្ថកិច្ច មិនត្រូវភ្លេចទេថា ខ្លួនជាអ្នកបម្រើរាស្ត្រ ហើយសមត្ថកិច្ចត្រូវធ្វើការដោយវិជ្ជាជីវៈ និងប្រើពាក្យសម្តីសមរម្យ ម៉ឺងម៉ាត់”
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប ឈ្មោះ ពុត ធារី បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ ទៅលើប្រជាពលរដ្ឋ ដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួន ដើម្បីសួរនាំនិងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ។
ជាចុងបញ្ចប់ ក្នុងនាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រកាស ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជា ផ្តល់រូបភាពទាក់ទងបញ្ហាទាំងនេះ ។ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា ។

នេះជាករណីថ្មីមួយទៀត របស់កងកម្លាំងប៉ូលិសចរាចរណ៍ ។ នៅមានករណីច្រើនទៀត មិនបានប៉ូលិស ទាហាន ប្រជាការពារ ឬក៏ប្រជាពលរដ្ឋសាមញ្ញនោះទេ ។ ក្នុងសង្គមយើង នៅពេលមានរឿងរ៉ាវបន្តិចបន្តួច ក៏កើតជារឿងឈ្លោះទាស់ទែងគ្នា ដោយពាក្យសម្តីផង ហើយមានករណីជាច្រើនទៀត ក៏រហូតឈានដល់អំពើហិង្សាវាយតប់ ។ បើអ្នកមានកាំភ្លើង ក៏បាញ់ថែមទៀត ។ទាំងអស់នេះ ជាករណីកើតឡើងក្នុងសង្គមយើង ញឹកញាប់ ។ ពោលគឺកើតឡើងដោយសារតែការខឹងសម្បារ មិនមានការយោគយល់ អធ្យាស្រ័យគ្នា និងមិនមានសម្របសម្រួល ដោះស្រាយជម្លោះដោយសន្តិវិធី ។ ចូរកុំភ្លេចថា ខឹងខុស ខឹងខាត ហើយបើខឹង គឺរឿងតូច នឹងក្លាយជារឿងធំជាមិនខាន ។
ដូចករណីរបស់ប៉ូលិស ចរាចរណ៍នេះ ដោយសារតែការទប់ កំហឹងមិនបានមួយប្រាវ ក៏ក្លាយជារឿងរ៉ាវ ថតបង្ហោះតឹកតុក ហើយចុងក្រោយ ក៏ឈានដល់ថ្នាក់លើ ហៅទៅណែនាំអប់រំ ធ្វើកិច្ចសន្យា និងត្រូវដកបញ្ឈរជើង ៣ខែថែមទៀតផង ។ ក្នុងនាមជាសមត្ថកិច្ច ត្រូវតែធ្វើការដោយវិជ្ជាជីវៈ និងទប់កំហឹងឱ្យបាន ។ ករណីនេះ បែរជាចោររួចខ្លួន ម្ចាស់ជាប់គុកទៅវិញ ។តែការប្រើពាក្យសម្តីជេរប្រមាថ ឈ្លោះទាស់ទែងនេះ ក៏មិនត្រូវប៉ូលិស អាជ្ញាធរសមត្ថកិច្ច ប្រើប្រាស់មកលើប្រជាពលរដ្ឋ ក្នុងករណីល្មើសច្បាប់ចរាចរណ៍ដូច្នេះឡើយ ។ មិនខ្វះទេ ពាក្យសម្តីប្រកបដោយសេចក្តីថ្លៃថ្នូរ ។ បើគេខុស ផាកពិន័យតាមច្បាប់ ។ បើជនល្មើស នៅតែមិនទទួល អូសយកឡានម៉ូតូ ឬក៏បើបទល្មើសធ្ងន់ធ្ងរ អាចឈានដល់ឃាត់ខ្លួនជននោះ ហើយនាំយកទៅស្នងការដ្ឋាននគរបាល និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ជាការស្រេច ដោយមិនប៉ូលិសចាំបាច់មកឈ្លោះទាស់ទែងតាមផ្លូវ ហើយត្រូវគេថតបង្ហោះ នាំរឿងរ៉ាវដល់ខ្លួនឯង និងខូចដល់ឈ្មោះប៉ូលិសដូច្នេះឡើយ ។

ម្យ៉ាងទៀត ករណីដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវនេះ ក៏សូមធ្វើដោយវិជ្ជាជីវៈ ឱ្យពិតជាអនុវត្តនូវវិធានការច្បាប់ ដោយប៉ូលិស និងក្រុមជំនួយការប៉ូលិស ជាប់កិច្ចសន្យា យកធ្វើជាមុខរបរ ដើម្បីចេញរកលុយ ចែកគ្នាចាយនោះឡើយ ។ ក្នុងនោះប៉ូលិសចរាចរណ៍ ក៏គួរតែយល់យោគអ្នកដំណើរផង ព្រោះកន្លងមកគ្រាន់តែផ្លូវភ្លើងស្តុប តែខាងស្តាំដៃ មិនមានឧបសគ្គអ្វី ហើយអ្នកបើកបរម៉ូតូឡានបត់ស្តាំ ពេលភ្លើងស្តុបក្រហម ក៏ប៉ូលិសហៅឃាត់ផាកគេដែរ ។ ម្យ៉ាងទៀត នៅពេលអ្នកបើកបរម៉ូតូឡាន ឆ្លងភ្លើងស្តុប ដល់ពាក់កណ្តាលផ្លូវ ឬក៏ហួសគំនូសសហើយ ទើបលោតភ្លើងស្តុបពណ៌លឿង ក៏មិនគួរប៉ូលិស ចេញមកស្ទាក់ឃាត់ ចាប់ផាកគេនោះទេ ។
កន្លងមក ចេះតែមានការលើកឡើងថា ប៉ូលិសចរាចរណ៍ម្នាក់ៗ ដែលចេញមកឈរជើង ដាក់កម្លាំងស្ទាក់ផាកពិន័យតាមភ្លើងស្តុប និងតាមផ្លូវនេះ មិនមែនចេះតែចេញមកស្រួលនោះទេ គឺត្រូវមានមេកើយចាត់តាំង ហើយអស់លុយមិនតិចទេ ទើបមានឈ្មោះ មកឈរជើងតាមផ្លូវ ដើម្បីអ្វីដែលគេហៅថា ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ។ ដូច្នេះហើយទើបប៉ូលិសត្រូវខំរកលុយវិញ ។ ក្នុងនោះ ក៏ត្រូវរកលុយឱ្យមេ បង់ជាថ្ងៃ ជាខែថែមទៀតផង ។
ជាមួយគ្នានោះ ដើម្បីកុំឱ្យខាតពេលផង និងកុំឱ្យអស់លុយផង ហើយត្រូវឈ្លោះទាស់សសម្តីនឹងប៉ូលិសផង គឺអ្នកបើកបរម៉ូតូឡានទាំងអស់ ត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសនៅចំណុចភ្លើងស្តុប និងបើកបរកុំលឿនៗ លើសច្បាប់កំណត់ ។ អ្នកបើកបរម៉ូតូ និងអ្នកជិះពីក្រោយ ត្រូវតែពាក់មួកសុវត្ថិភាពជានិច្ច ។ អ្នកបើកបរឡាន និងអ្នកអង្គុយកៅអីខាងមុខ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងមិនត្រូវប្រើប្រាស់ទូរស័ព្ទ ដោយមិនមានភ្ជាប់ឧបករណ៍សំឡេង ឬកាសនោះឡើយ ។
ជាសរុបមក កងកម្លាំងអាជ្ញាធរសមត្ថកិច្ច មិនត្រូវភ្លេចទេថា ខ្លួនជាអ្នកបម្រើរាស្ត្រ ហើយសមត្ថកិច្ចត្រូវធ្វើការដោយវិជ្ជាជីវៈ និងប្រើពាក្យសម្តីសមរម្យ ម៉ឺងម៉ាត់ ។ បើមិនដូច្នោះទេ សម័យទំនើប ដែលម្នាក់ៗមានទូរស័ព្ទគ្រប់ដៃ គឺគេអាចថតបង្ហោះហ្វេសប៊ុក ហើយចុងក្រោយ អាជ្ញាធរសមត្ថកិច្ច ដែលមានអាកប្បកិរិយាមិនសមរម្យនោះ នឹងត្រូវថ្នាក់លើដាក់ទណ្ឌកម្ម ឬក៏ត្រូវខ្មាស់គេ ព្រោះតែចង់បានលុយគេ ក្នុងរឿងល្មើសច្បាប់ចរាចរណ៍ជាមិនខាន ៕
Discussion about this post