ភ្នំពេញ៖ ច្រើនដល់ម្លឹងលោកព្រះ ! រថយន្តពាក់ស្លាកលេខខេមរភូមិន្ទដឹកគ្រឿងញៀន២០០គីឡូបំណងឆ្លងខេត្តបុករថយន្តពីរគ្រឿងជាប់នៅខណ្ឌច្បារអំពៅកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

រថយន្តនីសាន់ពាក់ស្លាកលេខខេមរភូមិន្ទ ដឹកគ្រឿងញៀនចេញពីរាជធានីភ្នំពេញបំណងឆ្លងទៅខេត្តលឿនដូចហោះជ្រុលបុករថយន្ត២គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំខណៈ សមត្ថកិច្ចចុះពិនិត្យរកឃេីញថ្នាំញៀន២០០គីឡូក្រាម។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីសាន់ ពណ៌ត្រេអ៉ី ពាក់ស្លាកលេខខេមរភូមិន្ទ2-1415 បេីកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចហោះខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុករថយន្តម៉ាកព្រូស និងរថយន្តម៉ាកCRV បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះតៃកុងរថយន្តបង្កគេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងឃេីញនៅក្នុងរថយន្តបង្កមានកេសបិទជិតសង្ស័យទេីបយកមកត្រួតពិនិត្យនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរកឃេីញមានថ្នាំញៀនចំនួន២០០គីឡូក្រាម។
ក្រោយកេីតហេតុភាគីខាងរថយន្តព្រូសនិងរថយន្តCRVសុំយករថយន្តទៅជួសជុលដោយខ្លួនឯងដោយសារតែរថយន្តបទល្មេីសជាអ្នកបង្កទេីបសមត្ថកិច្ចឲ្យភាគីរងគ្រោះយករថយន្តទៅជួសជុលខ្លួនឯងទៅ ដោយឡែករថយន្តបង្កមានទាំងគ្រឿងញៀនសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនល្មេីសយកមកដាក់ទោសតាមច្បាប់៕


Discussion about this post