(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានករណីប្រើអំពើហឹង្សា វាយដំ ជេរប្រមាថ គម្រាមបាញ់សម្លាប់មួយ ដោយបុរសជាស្វាមី ដែលគេស្គាល់យ៉ាងច្បាស់ថា ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង បានប្រើហឹង្សាយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ ទៅលើភរិយា មិនតែប៉ុណ្ណោះថែមទាំងគម្រាមសម្លាប់សម្លាប់ភរិយានិងកូនថែមទៀត។

រៀបរាប់ទាំងទឹកភ្នែកនិងអារម្មណ៍ភ័យខ្លាចផងនោះ អ្នកស្រី អ៊ុំ ឡានី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ច្រើនឆ្នាំហើយដែលអ្នកស្រី បានរងអំពើហឹង្សាពីស្វាមី មានទាំងវាយដំ ពេលខ្លះធ្ងន់ធ្ងរស្ទើរតែស្លាប់ ជេរប្រមាថ និងគម្រាមសម្លាប់ច្រើនដងហើយ រឿងរ៉ាវដែលអ្នកស្រីជួបវាធ្វើឲ្យអារម្មណ៍ អ្នកស្រីតក់ស្លុត មិនហ៊ានតតាំង ឬប្រាប់ទៅមនុស្សជុំវិញខ្លួនឲ្យជួយទេ បានត្រឹមរស់នៅទាំងភ័យខ្លាច ឈឺចាប់ អារម្មណ៍មួយទាល់តែអ្នកបានជួបផ្ទាល់ទើបដឹងថា ពិបាកនិងសែនឈឺចាប់កម្រិតណា។

អ្នកស្រីបានរៀបរាប់ពីសាច់រឿងថា ឈ្មោះ ធាម ដែន អាយុ ៤២ឆ្នាំ មានតួនាទីជា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្ថិតនៅភូមិបឹងជង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវជាប្ដីរបស់នាងខ្ញុំ និងមានកូនក្នុងបន្ទុកចំនួន ៣នាក់។ ក្រោយពីបានរួមរស់ជាប្ដីប្រពន្ធ ជាមួយគ្នាអស់រយៈពេល១៥ឆ្នាំមកនេះ ឈ្មោះ ឆោម ដន តែងតែផឹកស៊ី ហើយរករឿង ជេរដៀល ប្រមាថអ្នកស្រីនៅ ចំពោះមុខកូនៗ កូនចៅក្នុងផ្ទះ និងមុខមិត្តភក្ដិគាត់ជារឿយៗ ហើយថែមទាំងបានវាយធ្វើបាបលើរាងកាយ និងយក កាំភ្លើងមកគម្រាមបាញ់សម្លាប់មកអ្នកស្រី ជាញឹកញ៉ាប់។ នៅក្នុងឆ្នាំ២០១០ ឈ្មោះ ធាម ដែន ខាងលើ បានឡើងតំណែងជា មេប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជាង កំឡុងពេលនោះ អ្នកស្រីកំពុងពរពោះកូនស្រីទី២ រូបគាត់បានលួចលាក់មានស្រីផ្សេង និងបានរត់ចោលអ្នកស្រីអស់រយៈ ពេល១ឆ្នាំ បាត់ដំណឹងសូន្យឈឹង ដោយមិនបានផ្តល់ថវិកាផ្គត់ផ្គង់គ្រួសារទាល់តែសោះ ទុកឲ្យអ្នកស្រីរកស៊ីចិញ្ចឹម មើលថែកូនស្រីទាំង២ តែម្នាក់ឯង រហូតដល់កូនស្រីទី២ មានអាយុ ១១ខែ គាត់បានត្រឡប់មកដល់ផ្ទះ ក៏មានតែការជេរបញ្ចោរនិងប្រើហឹង្សាប៉ុណ្ណោះ។

អ្នកស្រីប្រាប់ឲ្យដឹងទៀតថា នៅឆ្នាំ២០១៤ អ្នកស្រីមានផ្ទៃពោះកូនប្រុសពៅទី៣ ហើយគាត់នៅតែបន្តលួចលាក់មានស្រីញីខាងក្រៅ នៅពេល ដែលគាត់មកផ្ទះម្តងៗ គាត់តែងរករឿង ដៀលជេប្រមាថ និងយកកាំភ្លើងមកគម្រាមសម្លាប់អ្នកស្រីហើយគាត់ចេញពីផ្ទះ អស់រយៈពេល ៤ខែ រហូតដល់អ្នកស្រីឆ្លងទន្លេរយៈពេលបាន ១៥ថ្ងៃ ទើបគាត់បានត្រឡប់មកមើលអ្នកស្រី កូនៗ និងបាន ទាមទារសោរទូរដែកដើម្បីយកលុយដែលអ្នកស្រីសន្សំទុកចិញ្ចឹមកូនៗ ទៅឲ្យស្រីញី ហើយក៏បានឈ្លោះគ្នា និងវាយដំ ទាត់ធាក់អ្នកស្រីរហូតធ្លាក់ឈាមចូលសង្គ្រោះបន្ទាន់ផងដែរ។ រំលងបាន១ខែ គាត់ក៏បានមកឈ្លោះ វាយធ្វើបាបអ្នកស្រីម្តងទៀត ដោយបើកឡានចង់បំបុកអ្នកស្រីឲ្យស្លាប់ ប៉ុន្តែបានពូ និងអ្នកក្នុងផ្ទះជួយឃាត់ទាន់ពេល។

កាន់តែស្តាប់ការរាប់រៀបពីអ្នកស្រី អ៊ុំ ឡានី ដែលជាជនរងគ្រោះកាន់តែរំជួលចិត្ត និងតក់ស្លុត ហេតុអី លោក ធាម ដែន ប្រើហឹង្សា ដាក់ភរិយា ដោយមិនញញើតច្បាប់បែបនេះ នៅក្នុងនោះ អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា នៅឆ្នាំ២០២១ ឈ្មោះ ធាម ដែន បានផឹកស៊ីស្រវឹង ហើយប្រើអំពើហឹង្សាមកលើអ្នកស្រី និងវាយប្រតាយ ប្រតប់ជាមួយប្អូនប្រុសអ្នកស្រីដែលមកជួយឃាត់ និងបានយកកាំភ្លើងវែងអាកា មកបំរុងបាញ់សម្លាប់ប្អូនប្រុសអ្នកស្រី អ្នកស្រីមិនបានប្តឹងនិងយោគយល់តែជននេះមិនកែកំហុស ថ្មីៗនេះនៅតែបន្តគម្រាមសម្លាប់អ្នកស្រីទៀត។ កន្លងមកអ្នកស្រី អត់ធ្មត់ទ្រាំឈឺចាប់និងរស់នៅទាំងភ័យខ្លាចមិនហ៊ានប្ដឹង ឬប្រាប់សាច់ញាតិឲ្យដឹងទេខ្លាចប៉ះពាល់កិត្តិយសរបស់ប្ដី ពិសេសមិនចង់ឲ្យគ្រួសារបែកបាក់ និងកូនៗទាំង ៣នាក់រស់នៅខ្វះភាពកក់ក្ដៅ អ្នកស្រី តែងអនុគ្រោះ ប៉ុន្តែឈ្មោះ ធាម ដែន មិនកែប្រែអត្តចរឹកកាចសាហាវរបស់ខ្លួន និងនៅតែបន្តជេប្រមាថ គម្រាម សម្លាប់ ប្រើហឹង្សាលើផ្លូវកាយ ផ្លូវចិត្ត ផ្នែកសេដ្ឋកិច្ច ប៉ះពាល់ដល់កិត្តិយស និងបង្ករការភ័យខ្លាចដល់រូបអ្នកស្រី កូនៗ យ៉ាងខ្លាំងជាទីបំផុត។ ទង្វើរបស់ឈ្មោះ ធាម ដែន ធ្វើឲ្យអ្នកស្រីមានការឈឺចាប់យ៉ាងខ្លាំង រស់នៅជាមួយកូនៗក្នុងការ ព្រួយបារម្ភភ័យខ្លាចជារៀងរាល់ថ្ងៃចំពោះសុវត្ថិភាពគ្រប់បែបយ៉ាង។ ពិសេសកាលពីថ្ងៃទី២៩កន្លងមកនេះ គាត់ និយាយថា “អញឈប់កាន់កាំភ្លើង៣ឆ្នាំហើយ ឥលូវអញនឹងកាន់កាំភ្លើងវិញដើម្បីសម្លាប់មនុស្សម្នាក់”។

អ្នកស្រីបានបន្ថែមទៀតថា ឈ្មោះ ធាម ដែន មានចរិតកាចសាហាវណាស់ធ្លាប់បាញ់បោះ តែងគម្រាម និងជម្រុញឲ្យ អ្នកស្រី ទៅប្តឹងគាត់ដល់ណាក៏មិនឈ្នះដែរ ដោយគាត់មានខ្សែធំៗ អ្នកធំក្នុងខេត្តនិងផ្កាយ៣ ឬ៤ នៅអគ្គស្នងការ នគរបាលជាតិ ក្រសួងមហាផ្ទៃគាត់ស្គាល់ច្រើនទៅប្តឹងគ្មានអ្នកណាដោះស្រាយឲ្យអ្នកស្រីទេ មូលហេតុនេះហើយ ដែលអ្នកស្រីសុខចិត្តទ្រាំឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្តសឹងក្លាយជាមនុស្សឆ្កួត អ្នកស្រីនិងកូនៗរស់នៅក្នុងភាពភ័យ ខ្លាច ដោយមិនហ៊ានរកជំនួយឡើយ តែពេលនេះកូនៗកាន់តែធំហើយវាប៉ះដល់អារម្មណ៍កូនៗខ្លាំងណាស់ អ្នកស្រីទ្រាំលែងបានទៀតហើយ និងសូមប្ដឹងរកយុត្តិធម៌។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកស្រីកាន់តែឈឺចាប់ទៀតនោះគឺ លោកស្នងការនគរបាលខេត្តត្បូងឃ្មុំបានបណ្តោយឲ្យជនដៃដល់រត់គេចខ្លួនបាត់។ ក្រោយអ្នកស្រីបានដាក់ពាក្យបណ្តឹងគោរពជូន ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិហើយឯកឧត្តម ក៏បានបញ្ជា ឧត្ដមសេនីយឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែន ឲ្យបញ្ជូនកម្លាំងចុះធ្វើកិច្ចការ នេះយ៉ាងយកចិត្តទុកដាក់ ដោយគាត់បានបន្តចាត់ជំនាញ២រូប ពីថ្នាក់លើចុះធ្វើកិច្ចការនេះជាមួយស្នងការនគរបាល ខេត្តត្បូងឃ្មុំ កោះហៅឈ្មោះ ធាម ដែន មកសាកសួរក្នុងវិន័យនគរបាលរួមជាមួយមន្ត្រីជំនាញនៃការិយាល័យប្រឆាំង អំពើហឹង្សានិងការជួញដូរមនុស្ស កម្លាំងជំនាញបានសាកសួរអស់រយៈពេលច្រើនថ្ងៃដើម្បីកសាងសំណុំរឿងរៀបចំ ភស្តុតាងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ប៉ុន្តែពេលព្រះរាជអាជ្ញាយល់ព្រមឲ្យបញ្ជូនសំណុំរឿង និងឲ្យនាំខ្លួនឈ្មោះ ធាម ដែន ទៅតុលាការស្រាប់តែនៅថ្ងៃទី០៨ ប្រហែលម៉ោង៣រសៀល បែរជាផ្តល់ព័ត៌មានថាជនសង្ស័យឈ្មោះ · ធាម ដែន រត់គេចខ្លួនបាត់ហើយ។ ការបណ្ដោយឲ្យជននេះគេចខ្លួនបាត់បានធ្វើឲ្យក្រុមគ្រួសារអ្នកស្រី ទាំងអស់ កាន់តែមានភាពភ័យខ្លាចយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងអស់ទំនុកចិត្ត អស់ក្តីសង្ឃឹមចំពោះថ្នាក់ដឹកនាំនិងមន្ត្រី ជំនាញនៃស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញដែលឡើងពីអគ្គស្នងការនគរបាលជាតិ ដែលបានបណ្តោយ ឲ្យជនដៃដល់ មានចរិតកាចសាហាវរូបនេះរត់ចេញពីស្នងការខេត្តដោយខ្វះការទទួលខុសត្រូវ និងមានចម្ងល់ថា តើឈ្មោះ ធាម ដែន រត់តាមណា?? អ្នកស្រីនិងក្រុមគ្រួសារភ័យខ្លាចខ្លាំងណាស់ ព្រោះឃើញថ្មីៗនេះមាន ករណីប្ដីបាញ់សម្លាប់ប្រពន្ធនិងបងប្អូននៅខេត្តសៀមរាបយ៉ាងសាហាវ។
ដោយសារតែភ័យខ្លាចតក់ស្លុតស្ទើរតែឆ្កួតបែបនេះហើយ ទើបអ្នកស្រី ទទូចសំពះអង្វរទៅដល់សម្តេចតេជោ និងមន្ត្រីពាក់ព័ន្ធមេត្តា ជួយសង្គ្រោះអ្នកស្រីនិងកូនៗផង ដោយសារតែអ្នកស្រីខ្លាចស្វាមីត្រឡប់មកបាញ់សម្លាប់អ្នកស្រី កូនៗ និងគ្រួសារ ។ ព្រោះថាពេលនេះអ្នកស្រីមិនដឹងថាស្វាមីរត់គេចខ្លួនទៅណា ត្រឡប់មកធ្វើបាបអ្នកស្រី និងគ្រួសារពេលណាទេ ពិតជាភ័យខ្លាចខ្លាំងណាស់៕
ទស្សនាវិឌីអូសកម្មហិង្សានិងគំរាមសម្លាប់ប្រពន្ធ ឬ ចុចលីងនេះចូលក្នុងតេឡេក្រាមដើម្បីទស្សនា៖ (https://t.me/kbnmedianetwork/354)





ប្រភពពីជនរងគ្រោះ
Discussion about this post