ភ្នំពេញ៖ បុគ្គលល្បីអួតសម្ងែងលុយដុល្លារទាំងដុំល្បីប្រចាំប្រទេសនិងជាមេតុងទីនតែងផុសថា ដេញព្រឹកបានល្ងាច គឺអ្នកនាង ម៉ូលីកា ដែលគេស្គាល់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះ និងជាមេតុងទីនធំម្នាក់ បែរជាត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ លួងលោម ឱ្យពីផ្ទះសិនហើយ ទើបចាប់ខ្លួននៅពាក់កណ្តាលផ្លូវ ដើម្បីនាំខ្លួនសាកសួរនៅការិយាល័យ ក្រោមបទចោទប្រកាន់ “ចេញស្អែកស្អុយ” ឬ “ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

មកដល់ថ្ងៃនេះ ករណីរបស់មេតុងទីនដែលប្រកាសខ្លួនថា ក្ស័យធននោះគឺមិនទាន់ចេញនៅក្រៅឃុំបាននៅឡើយ ខណៈសមត្ថកិច្ចបានអនុវត្តន៍ចាប់បញ្ជូនខ្លួនត្រៀមឡើងតុលាការដើម្បីអនុវត្តន៍តាមនីតិវិធី។ ជាមួយគ្នានោះ កូនតុងទីន និង ម្ចាស់បំណុលជាច្រើននាក់ បែរជាមានក្តីបារម្ភនិងមិនសុខចិត្តចំពោះចាប់ខ្លួនទៅអ្នកនាង ម៉ូលីកា ព្រោះមានមនុស្សជាច្រើនចង់ឱ្យនៅក្រៅគុកជាជាង ដើម្បីអាចរកលុយមកដោះបំណុលខ្លះៗ ឬ រកវិធីរកលុយមកសងគេវិញប្រសើរជាងនៅក្នុងគុក ដែលមិនអាចចំណូលបាន។

មកពេលនេះ ដីការកោះហៅដែលនាំខ្លួនរបស់អ្នកនាង ម៉ូលីកា ត្រូវបានបែកធ្លាយឱ្យដឹងហើយថា នរណាជាអ្នកប្តឹងនាងអោយចូលតុលាការដេកគុកនោះហើយ ព្រោះកន្លងមកម្នាក់ៗគិតថា គឺជាលោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត។ ការដែលគិតបែបនេះលោកជំទាវ នឹម វណ្ណៈ កន្លងមកបានបង្ហើបឱ្យ ម៉ូលីកា ចូលខ្លួនដោះស្រាយបញ្ហាបំណុលដែលជំពាក់លោកជំទាវ។ ប៉ុន្តែនៅពេលចុងក្រោយដែលបានឃើញដីកាចាប់ខ្លួន ម៉ូលីកា ដែលបែកធ្លាយនោះ ទើបដឹងថា មិនមែនជាលោកជំទាវ នឹម វណ្ណៈ ឡើយបែរជាទៅអ្នកផ្សេងទៅវិញ។ អ្នកប្តឹងនោះ គឺដឹងថា ជាកូនតុងទីនរបស់ ម៉ូលីកា ដែលនាងជំពាក់កូនតុងទីនរហូតដល់ខ្ទង់៣០ម៉ឺនដុល្លារ។

បើយោងតាមការពិនិត្យមើលដីការដែលបែកធ្លាយនោះ ទើបដែរអ្នកដែលប្តឹងអ្នកនាង ម៉ូលីកា មានឈ្មោះពិតថា “សម្ភស្ស សូលីនដា” ត្រូវបានគេស្គាល់ថាជា អតីតតារាដូចគ្នា ដោយបច្ចុប្បន្ននេះជាអ្នករកស៊ីលក់អនឡាញមានឈ្មោះក្រៅផ្សេងថា “Ah Pich”។
កន្លងមកអ្នកលក់ឡាញឈ្មោះពិត សម្ផស្ស សូលីនដា ហៅ អាពេជ្រ រូបនេះធ្លាប់បានធ្វើការបង្ហោះរូបភាពទម្លាយរឿងរ៉ាវអ្នកនាង ម៉ូលីកា កហុកបោកប្រាស់ក្រោមលេសហេតុផលគ្មានលុយសងកូនតុងទីន ហើយសន្សាថ្ងៃនេះសថ្ងៃនោះ ឱ្យមហាជនបានដឹងជាច្រើនលើកមកហើយ។
បើយោងតាមការរៀបរាប់កន្លងមករបស់អ្នកលក់ឡាញឈ្មោះពិត សម្ផស្ស សូលីនដា ហៅ អាពេជ្រ រូបនេះធ្លាប់បានបង្ហើបឱ្យដឹងថា ខ្លួនលេងតុងទីនបង់ប្រាក់អស់ប្រមាណ៣០ម៉ឺនដុល្លារ ហើយបងស្រីរបស់ខ្លួនឈ្មោះ NANA ក៏លេងតុងទីនជាមួយអស់ប្រាក់ខ្ទង់៣០ម៉ឺនដុល្លារដូចគ្នា។ ប៉ុន្តែអ្នកនាង ម៉ូលីកា ធ្លាប់បានស៊ីញ៉េរចេញស្អែកសងប្រាក់ទៅកាន់អ្នកពីររូបនេះ ដើម្បីបញ្ជាក់ថា នាងជំពាក់កូនតុងទីន។
តែចុងក្រោយកូនតុងទីនលេងវិញហើយ មិនរង់ចាំទៀតដោយថ្ងៃទី១៤ធ្នូកន្លងមកនេះ ប្តឹងទៅតុលាការដោយកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញជាអ្នកនាំខ្លួន ក្នុងករណីចេញស្អែកស្អុយ និងបូកថែមពាក្យបណ្តឹងមួយទៀតគឺ “រំលោភលើទំនុបចិត្ត”។
សូមរំលឹកឡើងវិញថា អ្នកនាង ម៉ូលីកា ជាអតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock ដោយបានចាកឆ្ងាយពីជីវិតសិល្បៈដោយងាកទៅចាប់យកជំនួញរកស៊ីវិញ លក់ផលិតថែរក្សាសម្រស់តាមអនឡាយវិញ ឃើញថា ទទួលបានគាំទ្រ និង ជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយមកនេះ។
ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យមហាជនរឹតតែចាប់អារម្មណ៍នោះ គឺ ម៉ូលីកា ក៏បានបង្ហាញពីរថយន្តថ្មីស៊េរីទំនើបជាច្រើនគ្រឿងជាបន្តបន្ទាប់ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក និង មិត្តសិល្បៈរបស់នាងនាំគ្នាលាន់សរសើរនិងអបអរនូវភាពជោគជ័យរបស់នាង។
សូមបញ្ជាក់ថា មុនពេលអួតលេងតុងទីនមានសល់ច្រើន និងមានលុយទុនបង្វិលរាប់លានដុល្លារនោះ អ្នកនាង ម៉ូលីកា បានសម្ងែងទ្រព្យសម្បត្តិជាបន្តបន្ទាប់ហើយអួតថាមានមុខរបបក្នុងដៃយ៉ាងតិចមិនក្រោម៤ក្រុមហ៊ុនឡើយគឺ ក្រុមហ៊ុនលក់ម៉ូតូ, ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង, ក្រុមហ៊ុនអចលនាទ្រព្យ, ក្រុមហ៊ុនផ្តល់សេវាកម្មប្រាក់កម្ចី និង ជាពិសេសចុងក្រោយនេះ ល្បីខ្លាំងលេងតុងទីន មានរាប់រយនាក់ជាបន្តបន្ទាប់ ជឿទុកចិត្តលើមេតុងទីនរូបនេះ។
ប៉ុន្តែចុងក្រោយបែរជា នឹកស្មានថា ការអួតកន្លងមកនេះ មិនមែនដូចអ្វីបាននិយាយប្រាប់អ្នកសារព័ត៌មានឡើយ គឺសុទ្ធសឹងជាពាក្យកហុក៕















អត្ថបទដោយ Renno រូបភាព Facebook
Discussion about this post