ភាពយន្តថៃបែបកំប្លែងគឺរឿង«ភូមិវាលឆ្កែលូ» ត្រូវបានប្រកាសចាក់បញ្ចាំងចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១នេះតទៅនៅគ្រប់រោងភាពយន្តទំនើបនៅកម្ពុជា។ អ្វីដែលគេចាប់អារម្មណ៦គឺភាពយន្តនេះជាស្នាដៃចុងក្រោយរបស់តារាកំប្លែងថៃល្បីឈ្មោះ២រូបគឺលោក រ៉ូបឺត សៃខុក និងលោក Kom Chauncheunមុនពេលពួកគាត់ទទួលមរណភាពដោយសារតែជំងឺនោះ។

គេចាំបានថាលោក ប៉ាថេន ភុំរ៉ាត ដែលមានឈ្មោះក្រៅ (រ៉ូបឺតម៉ាឌិន) ឬមហាជនចំនាំហៅ (រ៉ូបឺត សៃខុក)បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ក្នុងវ័យ៥៥ឆ្នាំនៅទីក្រុងបាងកកប្រទេសថៃ ដោយសារជំងឺមហារីសួត ដែលលោកបានឈឺរ៉ាំរ៉ៃយូរមកហើយ។ខណៈដែល តារាកំប្លែង លោក Kom Chauncheun បានទទួលមរណភាពក្នុងអាយុ ៦៣ឆ្នាំ ដោយជំងឺកូវីដ១៩កាលពីថ្ងៃទី៣០ ខែមេសា នេះ។ មរណភាពរបស់តារាកំប្លែងទាំងពីរបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងសម្រាប់ប្រជាជនថៃ ក្នុងនោះអ្នកគាំទ្រពីកម្ពុជាជាច្រើនក៏ធ្លាប់បានបញ្ចេញសារក្តុកក្តួល និងសោកស្តាយនៃការបាត់បង់ជីវិតតារាកំប្លែងដ៏មានប្រជាប្រិយភាពទាំងពីររូបផងដែរ។
ងាកមកមើលអំពីភាពយន្តកំប្លែងចុងក្រោយដែលលោកបានសម្តែងរួមគ្នាវិញគឺបានប្រកាសធ្វើការចាក់បញ្ចាំងហើយនៅគ្រប់រោងភាពយន្តបន្ទាប់ពីរោងភាពយន្តនៅកម្ពុជាបានប្រកាសបើកឱ្យដំណើរការជាធម្មតាចាប់តាំងពីថ្ងៃទី៣០ ខែតុលាឆ្នាំ ២០២១មកនោះក្រោមការអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។ក្រុមហ៊ុន M Picture Cambodia បាននាំយកខ្សែភាពយន្តថ្មីមួយចំណងជើង «ភូមិវាលឆ្កែលូ» យកមកធ្វើការចាប់បញ្ចាំង។
លោក សុខ សិរីសុភា តំណាងក្រុមហ៊ុន M Picture Cambodia បានលើកឡើងឱ្យដឹងថា ការសម្រេចជ្រើសយករឿង «ភូមិវាលឆ្កែលូ» មកបើកទំព័រឡើងវិញនេះ គឺដោយសារតួអង្គ២នាក់ក្នុងរឿងនេះ បានទទួលមរណៈភាពដោយសារជម្ងឺ កាលពេលកន្លងទៅ ហើយរឿងនេះជាស្នាដៃចុងក្រោយរបស់តារាសម្តែងថៃជើងចាស់ទាំងពីររូបនេះ ទើបក្រុមហ៊ុនចង់ឱ្យអ្នកទស្សនាបានមើល និងទទួលភាពរីករាយជាមួយរឿងនេះ។
ទស្សនិកជនដែលមកទស្សនារឿង «ភូមិវាលឆ្កែលូ» បានរៀបរាប់ប្រាប់ភីអិនអិនថា ខ្លួនពិតជារីករាយដែលរោងភាពយន្តត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ហើយបានទស្សនារឿង «ភូមិវាលឆ្កែលូ» នៅពេលនេះ ព្រោះខានទទួលភាពរីករាយនេះយូរហើយ តាំងពីរោងភាពយន្តផ្អាកដំណើរការ។ ចុងបញ្ចប់នៃភាពយន្តនេះដែលបង្កើតបាននូវការសើចក្អាកក្អាយពេញផ្ទៃសាច់រឿងគឺជាការបញ្ចេញសារចូលរួមរំលែកទុក្ខនិងរូបភាពរបស់តារាកំប្លែងទាំងពីរដែលបានធ្វើឲ្យអ្នកទស្សនានឹកគិតនិងសោកស្តាយជាពន់ពេកសម្រាប់ការបាត់បង់ជីវិតរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពរបស់ថៃផងដែរ។
សូមជម្រាបថា រឿង «ភូមិវាលឆ្កែលូ» នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា នេះតទៅ។សម្រាប់លោកអ្នកដែលមានគម្រោងទៅទស្សនាភាពយន្តតាមបណ្តារោងភាពយន្តនានា សូមកុំភ្លេចចូលរួមអនុវត្តវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា ដែលដាក់ចេញដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕



Discussion about this post