ប៉ៃលិន៖ បុរសម្នាក់ក្រោយពីដើរទៅសុំលុយគេតែគេមិនឱ្យស្រាប់តែយកដែកវាយឱ្យបែកក្បាលតែម្តង ហើយក៏ដើរចេញធ្វើមិនដឹង តែពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនដៃដល់ខាងលើដែលយកដែកអក្សរ T វាយក្បាលបងប្រុសបែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ ។
កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ស្រាវជ្រាវជនសង្ស័យម្នាក់យកមកផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ហិង្សារដោយចេតនា បណ្តាលឱ្យមនុស្សរងរបួសម្នាក់ បែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឡោះ ម៉ាត់ខ្លឹង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក សញ្ជាតិខ្មែរឥស្លាម រស់នៅភូមិ/ឃុំខាងលើ (បែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ)។ ចំណែកជនបង្កឈ្មោះ ឡោះ ម៉ាត់មីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ សញ្ជាតិខ្មែរឥស្លាម រស់នៅបន្ទប់ជួលជាមួយគ្នា បានគេចខ្លួនក្រោយកើតហេតុ។
ជនរងគ្រោះបានរៀបរាប់ពីរឿងហេតុមុនពេលកើតហេតុថា នៅវេលាម៉ោងប្រហែល១៧និង៥៥នាទី ជនបង្កបានអង្គុយផឹកស្រាម្នាក់ឯងក្នុងបន្ទប់ជួល ពេលនោះជនរងគ្រោះ(ជាប្អូន) បានត្រលប់មកពីធ្វើការវិញ បន្ទាប់មកជនបង្កក៏បានសុំលុយជនរងគ្រោះ តែជនរងគ្រោះមិនឱ្យស្រាប់តែជនបង្កខឹងក៏ស្ទុះយកសោអក្សរ T មកវាយចំក្បាលជនរងគ្រោះបណ្តាលឱ្យបែក ហើយបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ។
ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដោយសំណូមពរដល់សមត្ថកិច្ចជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕
របាយការណ៍ សមត្ថកិច្ច
Discussion about this post