ភ្នំពេញ៖ ក្នុងចំណោមក្លឹបបាល់ទាត់ធំៗនៅកម្ពុជា ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទឬ (Tiffy Army FC) ជាក្រុមខ្លាំងឈរនៅលើកំពូលលីគកម្ពុជាផងដែរ តែសម្រាប់ប្រធានក្លឹបដែលដឹកនាំក្រុមនេះ បានជាផ្តែរផ្តាំនិងពន្យល់ទៅកីឡាករទាំងអស់ ដាក់ចិត្តដាក់កាយធ្វើឱ្យយ៉ាងណាលេងឱ្យល្អសម្រាប់ការប្រកួតកំពូលលីគនៅត្រៀមបើកថ្ងៃខាងមុខនេះ ហើយលោកបែរជាមិនសង្កត់ធ្ងន់ទៅលើការដណ្តើមពាន អោយខានតែម្តងឡើយ។

លោកបណ្ឌិត ស៊ុផាឆ័យ វីរៈភូជង្គ ប្រធានគណៈកម្មការគ្រប់គ្រងនិងទ្រទ្រង់សមាគមដោយមានការចូលរួមពីគណៈគ្រប់គ្រង គ្រូបង្វឹក និងកីឡាករ នៃក្រុមកងយោធពលខេមរភូមិន្ទ បានឡើងថ្លែងក្នុងពិធីជប់លៀងមួយសម្រាប់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ កាលពីល្ងាចថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០២២នៅសណ្ឋាគារសូហ្វីតែលឱ្យដឹងថា “ទិសដៅនិងលទ្ធផលកន្លងមករបស់ក្លឹប Tiffy Army FC ជាក្លឹបដែលបានជម្រុញនិងបណ្តុះបណ្តាលថ្នាលកីឡាករជាច្រើនរូប ក្នុងវិស័យបាល់ទាត់នៅកម្ពុជាហើយ Tiffy Army FC ក៏ជាក្លឹបបានផ្តល់ធនធានមនុស្សសំខាន់ល្អៗ សម្រាប់ការចូលរួមជាមួយក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា មិនថាប្រកួតក្នុងតំបន់និងក្រៅតំបន់។ គោលការណ៍ចម្បងរបស់ Tiffy Army FC របស់យើងគឺ មិនមែនជើងឯក, ជ័យជម្នះ រាល់ការប្រកួតនោះទេ ព្រោះការលេងកីឡាមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលជាគោលការណ៍របស់ក្លឹបទាំងមូលគឺ ត្រូវតែឈ្នះចិត្តអ្នកមើលឈ្នះចិត្តអ្នកគាំទ្រ លេងទៅដោយសុជីវធម៌ ជាអ្នកជីពកីឡា”។

លោកបណ្ឌិត ស៊ុផាឆ័យ វីរៈភូជង្គ ដែលអគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ផងដែរក៏បានធ្វើផ្តែរផ្តាំក្នុងពិធីជប់លៀងនេះដែលកីឡាករនឹងត្រៀមចូលរួមកាប្រកួតកំពូលលីគកម្ពុជានាពេលខាងមុខនេះ ដោយលោកបានសង្កត់ធ្ងន់ថា ក្រុមកីឡាករទាំងអស់គ្នាគឺតំណាងឱ្យ កងយោធពលខេមរភូមិន្ទ (Tiffy Army FC) តំណាងឱ្យកងទ័ពទាំងមូល ដែលត្រូវប្រកាន់ភ្ជាប់វិន័យសីលធម៌, ប្រកាន់ភ្ជាប់នូវភាពជាអ្នកកីឡាអាជីព ក្នុងវិស័យបាល់ទាត់ ។ យើងមិនចង់បានការឈ្នះក្នុងការលេងកីឡាដោយការប្រើអំពើហិង្សា ឬអ្វីដែលគ្រប់គ្រងមិនបាន គឺមិនសុំមានឡើយ គឺសុំប្រកួតដោយ Fair-play ។ ទោះបីជាយើងចាញ់ក៏ដោយឈ្នះក៏ដោយ តែទស្សនិកជនគឺឱ្យតម្លៃមកលើយើង យកយើងជាគំរូ យកយើងជាIdolរបស់គេ។ មិនមែនលេងហើយធ្វើឱ្យទស្សនិកជនខឹងសម្បារឬជេរយើងនោះទេ។ ទង្វើរណាមួយដែលប្រាចាកអំពីសីលធម៌ ប្រាចាកអំពីវិជ្ជាជីវៈបាល់ទាត់ មិនត្រូវចង់បានឡើយ។ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) ត្រូវចងចាំថា ត្រូវធ្វើជាកីឡាករគំរូ សម្រាប់ក្មេងជំនាន់ក្រោយ និងសម្រាប់ប្រទេសជាតិកម្ពុជាយើង។

លោក ខូវ ឆាយ អគ្គលេខាធិការក្លិប បានឡើងថ្លែងដែរថា សូមឱ្យកីឡាកររបស់យើងត្រូវបន្តការលេងរបស់យើងឱ្យល្អ ហើយជាពិសេសត្រូវភ្ជាប់នូវគំនិតឆន្ទៈធ្វើយ៉ាងណាជាកីឡាករគំរូ។ កីឡាករទាំងអស់ត្រូវតែមានឆន្ទៈខិតខំប្រឹងប្រែងដើម្បីខ្លួនជាកីឡាករតំណាងប្រទេស តំណាងក្នុងតំបន់ និងជាកីឡាករល្អក្លឹបល្អខ្លាំងក្នុងប្រទេសអាស៊ាននិងអាស៊ីនាថ្ងៃខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ជាអគ្គនាយកស្ថានីយទូរទស្សន៍លេខ៥និងជាប្រធានគណៈទ្រទ្រង់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC)បានរៀបចំពិធីដ៏ពិសេសវិសាលមួយសម្រាប់ក្រុមគ្រូបង្វឹក ក្រុមការងារបច្ចេកទេស និងក្រុមកីឡាករទាំងអស់ ទទួលបានពិធីជប់លៀងអបអរឆ្នាំថ្មី២០២២ និងការជប់លៀងលើកទឹកចិត្តដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតរដូវកាលថ្មី ពិសេសការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៥ ខែមីនាខាងមុខ៕






























អត្ថបទដោយ Renno រូបភាពសហការី
Discussion about this post